(បាត់ដំបង) ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលដល់មហាជន ក្នុងក្រុងបាត់ដំបង ដោយសារមានបុរសម្នាក់ស្ថិតក្នុងស្ថានភាពអាក្រាតកាយ បានជិះម៉ូតូ ០១ គ្រឿង នៅតាមដងផ្លូវហើយក៏មានអ្នកខ្លះបានថតយករូបភាពនេះទៅចែកចាយ ក្នុងបណ្តាញសង្គមទៀតផង ។
ឃើញទិដ្ឋភាពបែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវស្វែងរកបុរសខាងលើ ដើម្បីបានដឹងអំពីអត្តសញ្ញាណ និងមូលហេតុពិតប្រាកដដែលឈានទៅប្រព្រឹត្តិសកម្មភាពបែបនេះ ។
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បុរសក្នុងរូបភាពខាងលើ ត្រូវបានស្វែងរកឃើញដោយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងនាំមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុង ។
ការសាកសួរក្រុមគ្រួសារគាត់ បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ ត.ហ. អាយុ ៣០ ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្រុមគ្រួសារ បានបញ្ជាក់ថា បុរសនេះមានបញ្ហាវិបល្លាសស្មារតី (ការខូចសតិបញ្ញា) ក្នុងរយៈពេលកន្លងមកហើយ នៅថ្ងៃម្សិលមិញបានថ្លោះធ្លោយបណ្តាលឱ្យរូបគាត់ចេញមកប្រព្រឹត្តិសកម្មភាពបែបនេះ ។
ក្នុងនាមក្រុមគ្រួសារ សូមការអធ្យាស្រ័យចំពោះអំពើពុំគួរគប្បីដែលកើតឡើងដោយបុរសខាងលើ និងសូមកុំបន្តចែកចាយរូបភាពនេះបន្តទៀតពីអ្នកប្រើប្រាស់បណ្តាញសង្គម ។
ក្រោយសាកសួររួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាមួយជាមួយក្រុមគ្រួសារ កុំឱ្យធ្វេសប្រហែសនាំឱ្យបុរសរូបនេះប្រព្រឹត្តិសកម្មភាពបែបនេះបន្តទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញជាមួយក្រុមគ្រួសារ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងបញ្ឈប់ការចែកចាយរូបភាពនេះបន្តទៀត សូមអរគុណ ៕