ប្រជាពលរដ្ឋសុំបើកផ្លូវដោះស្រាយបាន 80% ហើយតាំងពីជំនាន់លោកម៉ៅ ធនិន,ដល់ជំនន់លោកខូយ រីដា សម្រេចបិទតែម្ដង
ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិពាលញែក២សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កំពុងកើតការខកចិត្ដចំពោះលោក ពៅ ពិសិដ្ឋ អភិបាលរង
ខេត្ដពោធិសាត់ ដែលបានសម្រេចចិត្ដឱ្យបិទផ្លូវដែលពលរដ្ឋស្នើសុំបើកនោះទៅវិញ។ ប្រជាពលរដ្ឋកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ បាននាំគ្នាស្នើសុំលោក ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ ឱ្យជួយរកដំណោះ ស្រាយបើកផ្លូវជូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងធ្វើដំណើរ។
រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាង លោក ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ បានហៅលោក ដួង គឹមស៊ុន ដែលតំណាងប្រជាពលរដ្ឋទាំង១២គ្រួសារ ឱ្យចូលរួមប្រជុំនៅសាលា ខេត្ត ដើម្បីដោះស្រាយបញ្ហាបើក ផ្លូវច្រកដែលនៅសល់ ៤ម៉ែត្រ x ១៥ម៉ែត្រ ដូចមានប្លង់សូរិយោដីខេត្ត។ ប៉ុន្តែពេលទៅដោះស្រាយនោះ បែរជាលទ្ធផលគឺផ្ទុយស្រឡះពីការស្នើសុំ និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋទៅវិញ ដោយលោក ពៅ ពិសិដ្ឋ ប្រាប់លោក ដួង គឹមស៊ុន ថា
សម្រេចបិទផ្លូវនោះ និងមិនបន្ដដោះស្រាយតទៅទៀតទេ។ តើមានរឿងអ្វីនៅពីក្រោយហេតុការណ៍នេះ បានជាលោក ពៅ ពិសិដ្ឋ ហ៊ានសម្រេចបិទផ្លូវបែបនេះ?
តំណាងប្រជាពលរដ្ឋបាននិយាយថា ផ្លូវនេះឆ្លងកាត់ដំណាក់កាលអភិបាលខេត្តបីរូបមកហើយ,គឺលោកម៉ៅធនិន បានដោះស្រាយរួចរាល់ 80% ហើយនៅសល់ 20% ទៀតបន្តមកសម័យលោកជាវ តាយ គឺបានជំរុញឲ្យលោកចេងឡៃអភិបាលរងខេត្តដោះស្រាយបញ្ចប់បញ្ហាប៉ុន្តែមិនអាចដោះស្រាយបានដោយអូសបន្លាយមកដល់ ដំណាក់កាលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំ
លោកខូយ រីដា នៅតែមិនអាចដោះស្រាយបានទៀត។
គួរលឹកថា រឿងរាវប្រជាពលរដ្ឋស្នើសុំបើកផ្លូវសម្រាប់ធ្វើដំណើរនោះ បានអូសបន្លាយអស់រយៈពេលជាង ៧ឆ្នាំមកហើយ ដោយពុំមានការដោះស្រាយណាមួយទទួលបានជាផ្លែផ្កានោះទេ។
តាមប្រភពច្បាស់ការណ៍មួយពីប្រជាពលរដ្ឋ បានបង្ហើបប្រាប់ថា ស្រ្ដីដែលសាងសងផ្ទះបិទផ្លូវមួយខ្សែនោះ មានឈ្មោះ សឿន កុសលនារី មានតួនាទីជាមន្ដ្រីជាប់កិច្ចសន្យានៅមន្ទីរកិច្ចការនារីខេត្ដពោធិ៍សាត់ ដែលបានទាមទារប្រាក់ ៤០០០០ ដុល្លារជាថ្នូរនិងការរុះរើបើកផ្លូវ និងឈ្មោះ តាំង សេងលាប ដែលបានយកផ្លូវសាធារណៈធ្វើជាអាជីវកម្មផ្ទាល់ខ្លួន។
ក្រោយពុំមានដំណោះស្រាយ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាលញែក២ ជ្រួលច្របល់ក្នុងចិត្ត ក៏បានទូរស័ព្ទទៅសួរលោក ខូយ រីដា ករណីដែលលោកពៅ ពិសិដ្ឋ បញ្ជាឲ្យបិទផ្លូវនោះ ។ ពេលនោះលោក ខូយ រីដា បានប្រាប់ប្រជាពលរដ្ឋតាមទូរសព្ទវិញថា លោកពុំបានបញ្ជាឱ្យមានការបិទផ្លូវ ដូចដែលការលើកឡើងនោះទេ។
តើលោក ពៅ ពិសិដ្ឋ មានអ្វីលាក់បាំងមែនទេ? បានជាបិទផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ? នៅ ថ្ងៃទី១៥ ខែសីហា ស្ថិតក្នុងអង្គប្រជុំ ដែលមានអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ លោក ពៅ ពិសិដ្ឋ បានលើកឡើងថា គឺសម្រេចបិទត្រឹម ៤ម៉ែត្រគុណនឹង ១៥ម៉ែត្រ តាមបុគ្គលម្នាក់គឺលោកស្រី សឿន កុសលនារី ដោយសម្អាងលើច្បាប់ផ្សេងៗ និងមិនចាំបាច់ត្រូវបើកផ្លូវនោះឡើងវិញទេ ព្រោះប្រជាពលរដ្ឋដែលតវ៉ាមានផ្លូវធ្វើចរាចរណ៍ហើយ។
លោកអភិបាលរងខេត្តបានបន្តថា ផ្លូវច្រកខាងលើ គឺជាផ្លូវគ្រោងដែលគូសថ្មីរបស់សូរិយោដី មិនមែនជាផ្លូវចាស់ដែលមានស្រាប់ទេ ដូចនេះអាជ្ញាធរខេត្តមានសិទ្ធិគ្រប់ គ្រាន់ក្នុងការបិទផ្លូវនោះវិញ។
ដោយឡែកលោក ឱន សទ្ធា ប្រធានមន្ទីរដែនដីនគរូរូបនីយកម្ម,សំណង់និងសុរិយោដីខេត្តពោធិ៍សាត់ បែរជានិយាយស្របថា ផ្លូវច្រកនេះពិតជា ផ្លូវគ្រោងដែលគូសថ្មីរបស់សូរិយោដីពិតប្រាកដមែន។ ការលើកឡើងពេល នេះផ្ទុយ ពីការលើកឡើងរបស់ លោកឱ សទ្ធា លើកមុនដូចមានក្នុងកំណត់ហេតុប្រជុំដោះស្រាយកន្លងមក ដែលដឹកនាំលោក ចេង ឡៃ អភិបាលរងខេត្ត និងជាអតីតប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តពោធិ៍សាត់ ដែលលោកប្រធានមន្ទីរថា ផ្លូវច្រកនេះជាផ្លូវចាស់ ផ្ទះកើតក្រោយផ្លូវ ដែលធ្លាប់ទទួលការដោះស្រាយវិវាទផ្លូវច្រកនេះកន្លងមក ។
ប្រជាពលរដ្ឋទាំងជាច្រើនគ្រួសារ សម្ដែងការមិនពេញចិត្ដចំពោះចំណាត់ការរបស់លោក ពៅ ពិសិដ្ឋ ដែលសម្រចឱ្យមានការបិទផ្លូវ ហើយឱ្យឈប់មានការតវ៉ាលើរឿងសុំបើកផ្លូវនេះ។ ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ រង់ចាំមើលថាតើលោកខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត នឹងអាចដោះស្រាយវិវាទសុំបើកផ្លូវច្រកនេះ បានដែលឬទេ? ប្រជាពលរដ្ឋ នៅតែមានក្ដីសង្ឃឹមចំពោះលោកខូយ រីដា ថាពិតជាអាចដោះស្រាយជូនប្រជាពលរដ្ឋបាន៕