(ភ្នំពេញ) ៖ យុវជនម្នាក់ ដើរទៅអើតមើលរថយន្តគេចតទុក ត្រូវសន្តិសុខឃើញសង្ស័យស្មានថាជាចោរ ក៏យកដំបងវាយជើងបណ្ដាលឱ្យរងរបួសដេកដួលស្ដូកស្ដឹងនៅចិញ្ចើមផ្លូវស្តុបលូ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៧ ៖ ៣០ នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសដែលរងរបួសខាងលើ មានឈ្មោះ ឡេង តយ អាយុ ២៦ឆ្នាំ មុខរបរកម្មករដេរខោអាវស៊ីថ្ងៃ មានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ ។
បើយោងតាមការបញ្ជាក់ពីយុវជនរងគ្រោះខាងលើ បានឱ្យដឹងថា ព្រឹកមិញនេះរូបគាត់បានដើរតាមបណ្ដោយផ្លូវ៣៧១ សឡា ខណៈដើរហត់ពេកក៏បានឈប់សម្រាកក្បែររថយន្ត ១គ្រឿង ដែលម្ចាស់ចតទុកនៅមុខការ៉ាស់សាំងមួយកន្លែង ។ ខណៈនោះដែរ ក៏ស្រាប់តែមានសន្តិសុខយាមនៅទីនោះឃើញ ស្មានតែរូបគាត់បម្រុង និងលួចសម្ភារៈក្នុងរថយន្ត សន្តិសុខនោះ ក៏ទាញដំបងដែករលាស់វាយទៅលើជើងខាងស្ដាំជាច្រើនដំបង បណ្ដាលឱ្យបែកស្មងជើងរងរបួសធ្ងន់ ។ ភ្លាមៗ យុវជនរូបនោះ ក៏បានព្យាយាមដើររហូតដល់ស្តុបលូ៥ នៅផ្លូវវេងស្រេង ទើបដេកដួលដើរទៅមុខលែងរួច ។
បច្ចុប្បន្ន យុវជនខាងលើ ត្រូវបានប្រជាការពារដែលប្រចាំការនៅទីនោះជួយយកអាកុលលាងរបួស ដើម្បីសង្គ្រោះបឋម រួចក៏ទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានដឹកយុវជនខាងលើទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ៕