ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួននិស្សិតម្នាក់ ក្រោយលួចថតរូបនិស្សិតស្រីម្នាក់ ពេលអាក្រាតកាយ ក្រោយដើរចេញពីបន្ទប់ទឹក

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ធ្វើការឃាត់ខ្លួន ពីបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាព នៃបុគ្គល» (លួចថតរូបអាក្រាតកាយជនរងគ្រោះចេញពីបន្ទប់ទឹក) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យមានឈ្មោះ ហ័ត លេង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរជានិស្សិតវិស្វកម្មសំណង់ស៊ីវិល ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២២ ៖ ០០ នាទី ជនរងគ្រោះកំពុងនៅក្នុងបន្ទប់ជាន់ទី១ ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនរងគ្រោះក្រោយពេលងូតទឹករួច ក៏បានដើរចេញពីក្នុងបន្ទប់ទឹកទាំងអាក្រាតកាយ រកសម្លៀកបំពាក់ដើម្បីស្លៀកពាក់ ក៏ក្រឡេកភ្នែកទៅប្រហោងចម្រឹងដែកខាងលើកាំជណ្តើរ ឃើញមានកាមេរ៉ាទូរសព្ទដៃ លួចថតជនរងគ្រោះ ហើយជនរងគ្រោះក៏មានការសង្ស័យទៅលើជនសង្ស័យឈ្មោះ ហ័ត លេង ដែលជាអ្នកស្នាក់នៅបន្ទប់ជួលជាន់ទី២ ក្នុងផ្ទះជួលជាមួយគ្នា ។

រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២០ ៖ ០០ នាទី ជនរងគ្រោះក៏បានពឹងមិត្តភក្តិ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ធ្វើជាខ្ចីទូរសព្ទដៃរបស់ជនសង្ស័យ ដើម្បីទូរសព្ទកុម្ម៉ង់ទិញអីវ៉ាន់អនឡាញ រួចជនរងគ្រោះក៏បានឃើញវីដេអូអាក្រាតកាយរបស់ជនរងគ្រោះពេលដើរចេញពីបន្ទប់ទឹក ទើបជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ទូរសព្ទដៃ ម៉ាក Samsung Galaxy A05s ពណ៌ខ្មៅ ដែលមានវីដេអូរអាក្រាតកាយរបស់ជនរងគ្រោះ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

ជនសង្ស័យ បានឆ្លើយសារភាពប្រាប់ថា រូបគេពិតជាបានយកទូរសព្ទដៃ ម៉ាក Samsung Galaxy A05s ពណ៌ខ្មៅ ថតវីដេអូអាក្រាតកាយរបស់ជនរងគ្រោះប្រាកដមែន ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពី លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *