ខេត្តកំពង់ស្ពឺ៖ ព្រមានដកលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ចេញពីតំណែង ដោយសារតែប្រព្រឹត្តអំពើពុករលួយ ក្នុងសំណុំរឿងទិញ-លក់ដីរបស់រដ្ឋ។
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី,ប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ (ACU) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ចេញលិខិតព្រមាននិងប្រាប់ឱ្យលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាតឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ប្រមូលទិញទិញដី ដោយខុសច្បាប់។ ករណីទិញលក់ដីរដ្ឋនេះ មានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ឲ្យឈ្មួញ។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានតម្រូវឲ្យលោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវែង បើកទំនប់ទឹកពីឆ្មាំយាមទំនប់ ដំណើរការបើកទឹក ពង្រឹងបង្អោកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ ត្រូវបញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះ មកឲ្យសាលាស្រុកបសេដ្ឋ រក្សាទុក។ ក្នុងលិខិតបញ្ជាក់យ៉ាងច្បាស់ៗថា «អង្គភាពប្រឆាំងអំពើ ពុករលួយ សុំឱ្យលោកអភិបាលស្រុក ចាត់ចែងចំពោះ មុខនេះ ដើម្បីបញ្ឈប់នូវសកម្មភាពទាំងពីរនេះ ជាបន្ទាន់ ព្រោះទង្វើនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើប អង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីនេះ»។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា «ករណីលោកអភិបាលស្រុក មិនព្រមបញ្ឈប់នូវសកម្មភាពទាំង ២នេះ ឬសកម្មភាពទាំង២ នៅតែបន្តអនុវត្ត តាមមាត្រា២៦ (បុព្វសិទ្ធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់ ស្ដីពី ការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើឲ្យអាជ្ញាធរឋានានុក្រមពាក់ព័ន្ធ ឲ្យផ្អាកជាបណ្ដោះអាសន្ននូវមុខងាររបស់លោកអភិបាលស្រុក»។
ប្រភពព័ត៌មាន បានឲ្យដឹងថា មានការលើកឡើងផងដែរ រឿងឈ្មួញប្រមូលទិញដីរដ្ឋនេះ បើខ្មោចស្រុក មិនអោយដៃ ក៏ខ្មោចព្រៃ មិនហ៊ានដែរ៕