(កំពង់ស្ពឺ) ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា នាទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអនុវត្ដបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការដឹកនាំផ្ទាល់ពី លោកអធិការនគរបាលក្រុងច្បារមន កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ និងឈានទៅកំណត់ឃាត់ខ្លួនមុខសញ្ញាបង្កហិង្សាដោយចេតនា ដែលបានធ្វើការកាប់ជនរងគ្រោះឈ្មោះ នី ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ បណ្ដាលឱ្យដាច់កដៃ ដៃខាងឆ្វេង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖៥៧នាទី នៅចំណុចលើផ្លូវលេខ១០៤ មុខផ្ទះសំណាក់ជំនោររាត្រី ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
យោងតាមបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ៤៥ម៉ោង និងឈានទៅឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ៖
១-ឈ្មោះ អៀង ភូមិរ៉ា ហៅវ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ជាជនដៃដល់កាប់ទៅលើជនរងគ្រោះ)
២-ឈ្មោះ បូ កុសល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចខាងត្បូងផ្សាររាត្រីកំពង់ស្ពឺ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងច្បារមន ជនសង្ស័យបានផ្ដល់ចម្លើយសារភាពថា ខ្លួនបានជិះម៉ូតូ ម៉ាកស៊ុយស៊ូគីឡេត ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1V-8974 ដឹកឈ្មោះ អៀង ភូមិរ៉ា ហៅវ៉ាន់ រួចបានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ បណ្ដាលឱ្យដាច់កដៃ ប្រាកដមែន ។
សមត្ថកិច្ចដកហូតវត្ថុតាង (1)កាំបិតផ្គាក០១ដើម (2) ដាវ ០២ដើម (3)ម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ូគីឡែត ពណ៍ខ្មៅ ផ្លាកលេខ 1V-8974 ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្ដនីតិវិធី បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ ៕