ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំងសំណង់ខុសច្បាប់មួយកន្លែង កំពង់តែរំលោភបំពានទៅលើចំណីផ្លូវយ៉ាងអាណាធិបតេយ្យ បែរជាចៅហ្វាយស្រុកមើលមិនឃើញ តែមហាជនលោកមើលឃើញ

(បាត់ដំបង) ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមប្រភពពីប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មានយើងថា មានសំណង់ខុសច្បាប់មួយកន្លែង កំពង់សាងសង់រំលោភលើចំណីផ្លូវជាតិលេខ ៥៧ បេ ស្ថិតនៅចំណុចផ្សារតាស្តា ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

អង្គភាពសារព័ត៌មានយើង បានចាត់ក្រុមការងារចុះទៅយកព័ត៌មានផ្ទាល់ជាក់ស្ដែង ក៏បានឃើញ និងពិនិត្យទៅលើសំណង់នោះ ឃើញថាពិតជាសង់រំលោភទៅលើចំណីផ្លូវជាតិលេខ ៥៧ បេ ពិតប្រាកដមែន ។

អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការសម្ភាសន៍ទៅ លោក ឌុក គឹមថុល ប្រធានការិយាល័យភូមិបាលស្រុកសំពៅលូន ទាក់ទិនទៅលើការសាងសង់សំណង់ខាងលើបន្ថែម ដោយលោកបានបញ្ជាក់តាមទូរសព្ទថា សំណង់ខាងលើពិតជាគ្មានច្បាប់មែន ។ បច្ចុប្បន្ន លោកបានធ្វើកិច្ចសន្យាចំនួន ០២ ដងហើយ ប៉ុន្តែម្ចាស់ផ្ទះនៅតែគគ្លើនក្នុងការសាងសង់គ្មានច្បាប់អនុញ្ញាត ។

លោក បានបន្តទៀតថា លោកបានសរសេររបាយការណ៍ជូនទៅកាន់រដ្ឋបាលស្រុកហើយ កិច្ចការសម្រេចគឺនៅលើរដ្ឋបាលស្រុកសំពៅលូនជាអ្នកសម្រេច ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ក៏បានទាក់ទងទៅលោក ហម សំខាន់ អភិបាលស្រុកសំពៅលូនតាមរយៈប្រព័ន្ធទូរសព្ទ ដោយលោកអភិបាលស្រុក ថា មិនអាចផ្តល់បទសម្ភាសន៍បានទេ ទាំងមិនទាន់ដឹងថាអ្នកសារព័ត៌មានយើងសម្ភាសន៍ពីអ្វីផង តែលោកមិនផ្តល់ការសម្ភាសន៍ទេ ឬមួយលោកមានញាណទាំង៦ ជាមួយម្ចាស់សំណង់រឹងខុសច្បាប់នោះ ។ ម្យ៉ាងទៀត ប្រហែលជាលោកត្រូវយ័ន្តទេវតាប្រាក់បិទភ្នែកទេដឹង? ។

ក្រុមការងារអង្គភាពយើងខ្ញុំ ក៏សូមធ្វើកិច្ចសម្ភាសន៍ទៅកាន់ម្ចាស់ផ្ទះដែលសាងសង់ខុសច្បាប់ ប៉ុន្តែម្ចាស់ផ្ទះបដិសេធមិនចូលខ្លួនមកផ្ដល់បទសម្ភាសន៍ជាមួយនឹងក្រុមការងារយើងនោះទរ បែរជារុញឱ្យទៅសួរខាងស្រុកវិញ ។

បើយោងតាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បកចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៩ ជំពូក ៣ មាត្រា ៨ ដីចំណីផ្លូវមានប្រវែង ២៥ ម៉ែត្រសងខាងនៃអក្សផ្លូវ ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋ សូមស្នើសុំដល់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង មេត្តាមានវិធានការ ចាត់ការតាមនីតិវិធីច្បាប់ ផងទាន ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *