(ភ្នំពេញ) ៖ កម្លាំងជំនាញ (ក៣) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប្រុញ សាន លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា លោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្រ នាយករងមន្ទីរ លោកវរសេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ (ក៣) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីជួញដូរ រក្សាទុករគ្រឿងញៀន នៅ ០២ គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សមត្ថកិច្ច បានបញ្ជាក់ថា គោលដៅទី១ នៅខាងមុខហាងស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅក្នុងខុនដូ PALMHOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រតិបត្តិការទាំង ០២ គោលដៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ឈ្មោះ អ៊ូ ចុងវ័យ (WU ZONG WEI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់, ឈ្មោះ លីន អ៊ីងគ័ង (LIN YING KUAN) ភេទប្រុស ជនជាតិចិនតៃវ៉ាន់, ឈ្មោះ ង សឹកខៃ (ZHUANG SHI KAI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។
សមត្ថកិច្ច បានចាប់យកវត្ថុតាង សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ១៦ គីឡូក្រាម និង ១៦៣.១២ ក្រាម, សារធាតុញៀនកេតាមីន (Ketamine) ៣៦០ក្រាម, សារធាតុញៀនអ៊ិនីមេតាហ្សេប៉ាម ១.៩៨ ក្រាម សរុបសារធាតុញៀន ទម្ងន់ ១៦គីឡូក្រាម និង៤៩៨,១០ក្រាម ។ ក្រៅពីនេះ សមត្ថកិច្ច ក៏បានរកឃើញសារធាតុមិនច្បាស់ ទម្ងន់ ០៥ គីឡូក្រាម និង ៦២២ ក្រាម រួមនឹងសម្ភារមួយចំនួនទៀត ។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕