(កំពត) ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ សង្ស័យលួចកាត់យកខ្សែភ្លើងយ៉ាងសកម្មតាមដងផ្លូវសាធារណៈ និងអ្នកទទួលទិញផលចោរកម្ម ។
ជនសង្ស័យទាំង ០៥ នាក់ ទី១.ឈ្មោះ នី យ៉ាឌី ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល ទី២.ឈ្មោះ សុខ សាន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល ទី៣.ឈ្មោះ ផេង រ៉ុង ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ទី៤.ឈ្មោះ សុខ ចេង ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងទី៥.ឈ្មោះ អ៊ុក ម៉ូដែន ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅសង្កាត់កំពង់បាយ ក្រុងកំពត ជាអ្នកទទួលទិញផលចោរកម្ម ។
តាមប្រភព បានឱ្យដឹងថា កាលពីវេលាម៉ោង ០១ ៖ ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយសារតែក្រុមចោរ បានលួចកាត់ខ្សែភ្លើងត្រង់ចំណុចមុខសាលាបឋមសិក្សា ហ៊ុន សែន ១មករា ។
រហូតដល់ល្ងាចថ្ងៃទី២០ ខែកុម្ភៈ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ ជាបន្តបន្ទាប់ រួមនឹងវត្ថុតាងជាច្រើន និងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕