ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋជាង ១០០០ខ្នង នៅក្នុងមូលដ្ឋានស្រុកព្រៃនប់

(ព្រះសីហនុ) ៖ ធាតុអាកាសប្រែប្រួល រយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅ​ខេត្ដ​ព្រះសីហនុ មានខ្យល់ធ្លាក់ខ្លាំង និងមានលាយឡំខ្យល់កន្ទ្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១៦៣២ ខ្នងផ្ទះ នៅតាមបណ្ដាឃុំចំនួន ០៨ ក្នុងភូមិសាស្ដ្រស្រុកព្រៃនប់ ។

លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងជា​អនុ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​ម​ហន្តរាយខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជា​ពលរដ្ឋរស់នៅតាមបណ្តឃុំចំនួន ០៨ ក្នុងស្រុកព្រៃនប់ បានទទួល​រង​គ្រោះ​ធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះ ០២ ខ្នង របើកដំបូលផ្ទះចំនួន ១.៦៣០ ខ្នងផ្ទះ សរុប ១៦៣២ ​ខ្នង​ផ្ទះ (ស័ង្កសីចំនួន ៧.៩៨៧ សន្លឹក វិទ្យាល័យទួលកែវ ក្បឿង ៥០សន្លឹក និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទឹកល្អក់ ក្បឿង ៦០ សន្លឹក) ។

ក្នុងកិច្ចប្រតិបត្តិការនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បានប្រើប្រាស់កម្លាំងសរុប ១៩៧ នាក់ សម្រាប់ជួយសង្គ្រោះ និងជំលៀសប្រជាពលរដ្ឋ សិស្សា​នុសិស្សពីទីតាំងរងហានីភ័យប្រឈមនឹងគ្រោះថ្នាក់មកកាន់ទីកន្លែងដែលមានសុវត្តិភាព និង​បាន​ជួយសម្រួលចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៣ ។

លោកបន្ដថា បន្ទាប់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានប្រើប្រាស់កម្លាំងសរុប ជួយ​សង្គ្រោះ និងជម្លៀស​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ពីទីតាំង​រង​ហានីភ័យ​ប្រឈម​នឹង​គ្រោះថ្នា​ក់​មក​កាន់​ទី​កន្លែង​ដែលមានសុវត្តិភាព ក្រុមការងារបានស្រង់ទិន្នន័យ ដើម្បី​ដាក់​ជូន​ទៅ​ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ សហការ​ជាមួយ​កាក​បាទ​ក្រហម​កម្ពុជា​សាខាខេត្ដព្រះសីហនុ រៀបចំជំនួយឧបត្ថម្ភ (អំណោយមនុស្សធម៌) ចុះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះនោះដើម្បីជួយសម្រួល និងដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *