ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា
” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ”
************
បន្ទាប់ពីបានឃេីញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលេីបណ្តាញសង្គមហ្វេសប៊ុក អំពីសិប្បករស្មូនដី ឈ្មោះ ប៊ិន ឆារ៉ាន់ អាយុ៤១ឆ្នាំរស់នៅភូមិព្រៃដេីមថ្នឹង ឃុំព្រៃដេីមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានទឹកចិត្តស្រលាញ់សម្តេចតេជោ តែមិនមានការពិចារណាវែងឆ្ងាយ បានយកដីឥដ្ឋមកសូនធ្វេីជារូបសំណាកសម្តេចតេជោ ហេីយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខ ព្រមទាំងមានការផ្សព្វផ្សាយ និងចែកចាយតៗគ្នាច្រេីន ទេីបរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរស្រុកស៊ីធរកណ្តាល បានចុះមកជួបណែនាំសិប្បកររូបនេះឱ្យបញ្ឈប់ការសូនរូបសម្តេចតេជោជាបន្ទាន់ ហេីយឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា
” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ” ដូច្នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វេីរូបសំណាក ឬសូនរូប ឬក៏ចាក់ពុម្ពរូបសម្តេចនោះទេ។ តាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ខាងលេីនេះ ក៏ជាសារចែករំលែកដល់សាធារណជនឱ្យបានជ្រាបផងដែរ។
ក្រោយទទួលបានការណែនាំប្រកបដោយមនោសញ្ចតនាពីសំណាក់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សិប្បករស្មូនដី ប៊ិន ឆារ៉ាន់ បានទទួលយកដោយសេចក្តីរីករាយ និងការគោរពស្រលាញ់ ហេីយគាត់ក៏បានកែរូបសំណាកដីឥដ្ឋដែលគាត់បានធ្វេីកន្លងមកនោះ ឱ្យទៅជារូបសំណាកតាឥសីវិញ ដេីម្បីបញ្ជាក់អំពីសេចក្តីគោរពស្រលាញ់ដ៏ស្មោះចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាលោកឪពុកប្រកបដោយព្រហ្មវិហារធម៌ និងជាអ្នកដឹកនាំដ៏ឆ្នេីមប្រកបដោយគតិបណ្ឌិត ធ្វេីឱ្យប្រទេសជាតិមានភាពរីកចម្រេីនលេីគ្រប់វិស័យ ជីវភាពប្រជាជនក៏មានភាពល្អប្រសេីរឡេីងជាលំដាប់។ ជាមួយគ្នានេះ សិប្បករស្មូនដី ប៊ិន ឆារ៉ាន់ ក៏បានអំពាវនាវឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជួយចែករំលែកនូវសារសុំទោសរបស់លោក និងក្រុមគ្រួសារចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ហេីយសូមឱ្យអ្នកលេងហ្វេសប៊ុកដែលបានយករូបដែលគាត់បានបង្ហោះទាំងខុសឆ្គងកន្លងមកជួយលុបចេញវិញផង។