ប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ឃុបឃិត ជា មួយឈ្មួញដឹកខ្សាច់មួយថ្ងៃៗរាប់រយឡានទៅខេត្តភាគខាងលិច
សកម្មភាពបូមខ្សាច់ដាក់រថយន្តសង្ស័យអត់ច្បាប់បានកំពុងកើតមានយ៉ាងគ្រឹកគគ្រេងនៅចំណុចកោះអន្លង់អំពិល ឋិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ដែលខ្សាច់ទាំងនោះត្រូវគេខ្សិបថាបានដឹកយកទៅចែកចាយនៅបណ្ដាខេត្តភាគខាងលិច តាម ផ្លូវជាតិលេខ៥ រហូតដល់ទីប្រជុំជនក្រុងប៉ោយប៉ែតផងក៏មាន ។ សកម្មភាពបូមខ្សាច់នេះឋិតក្រោមការទទួល ខុសត្រូវរបស់មន្ទីរ៉ែនិងថាមពលខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោក សេង ប៊ុនថុល។
ប្រភពពីអ្នកបើកឡានដឹកខ្សាច់បានឲ្យដឹងថា ថៅកែការដ្ឋានបូមខ្សាច់នេះឈ្មោះយឿន រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការដ្ឋាននេះធ្លាប់ត្រូវបានសមត្ថកិច្ចជំនាញបិទម្ដងរួចហើយ ប៉ុន្តែបានដំណើរការឡើងវិញដោយមិនមានច្បាប់ទម្លាប់អ្វីឡើយ។ ការដែលការដ្ឋានខ្សាច់នេះមិនមានច្បាប់ទម្លាប់ ត្រូវគេអះអាងថា ទំនងជាមានការឃុបឃិតជាមួយ លោកសេង ប៊ុនថុល ប្រធានមន្ទីរ៉ែនិងថាមពលខេត្តពោធិ៍សាត់នោះហើយ។ ប្រភពបន្ថែមថា ថៅកែការដ្ឋានបានទិញដីអ្នកស្រុកក៏ពិតមែនប៉ុន្តែដំណើរការបូមខ្សាច់លក់នេះមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញឡើយ។ មុនដំបូងឃើញមន្ត្រីជំនាញចុះ បិទដែរ តែក្រោយមកក៏ដំណើរការឡើងវិញ ទំនងជា
ចរចាររឿងប្រយោជន៍ត្រូវគ្នា។
ខ្សាច់ដែលកំពុងបូមនៅក្នុងភូមិសាស្រ្តឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នេះ ត្រូវគេចាត់ទុកជាប្រភេទខ្សាច់លេខ១ ហើយបម្រើការឲ្យបណ្ដាខេត្តជាច្រើននៅភាគខាងលិចដែលក្នុង១ថ្ងៃៗការដ្ឋានខាងលើនេះអាចដឹកខ្សាច់ចេញមិនតិចនោះទេ។ ដូច្នេះទីតាំងការដ្ឋានបូមខ្សាច់ នេះ ជាប្រភពហិរញ្ញវត្ថុមួយដ៏សំខាន់សម្រាប់ប្រធានមន្ទីររ៉ែនិងថាមពលនិងថ្នាក់ដឹកនាំខេត្ត ក៏ដូចជាឈ្មួញនោះតែម្ដង។ ហេតុដូច្នេះហើយបានជាគេមិនចាំ បាច់ត្រូវការច្បាប់ទម្លាប់អ្វីជាសំខាន់នោះ។ រីឯអាជ្ញាធរខេត្តពោធិ៍សាត់ ក៏ធ្វើមិនដឹងមិនឮ ក្នុងរឿងខ្សាច់នេះដែរ។
ប្រភពបានឲ្តទៀតដឹងថា ក្រៅពីរកប្រយោជន៍ចែកគ្នាសម្រាប់ស្ថាប័នជំនាញក្នុងខេ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ការដ្ឋានបូមខ្សាច់ខាង លើដែលមានរថយន្តធំៗបើកបន្ត កន្ទុយគ្នារៀងរាល់ម៉ោងនោះ ក៏បាននិងកំពុងបំផ្លាញផ្លូវក្នុងសហគមន៍ខាងលើនេះយ៉ាងធ្ងន់ធ្ងរផងដែរ។ ការនេះគឺពិតណាស់ដើម្បីផលប្រយោជន៍របស់ថ្នាក់ដឹកនាំខេត្ត ពោធិ៍សាត់ប៉ុន្មាននាក់នោះការដ្ឋានបូមខ្សាច់ខាងលើនេះ ពិតជាបានបំផ្លាញផ្លូវរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ឃុំព្រងិលនេះយ៉ាងខ្លាំង។ គេសង្ឃឹមថា លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពិនិត្យមើលការដ្ឋានបូមខ្សាច់នៅស្រុកភ្នំក្រវាញនោះផង៕