ព័ត៌មានជាតិ

ប្រជាពលរដ្ឋថា សកម្មភាពកាប់ឈើរានយកដីបាននិងកំពុងកើតមានយ៉ាងអាណាធិបតេយ្យនៅឃុំណងឃីលិកក្នុងដែនជំរកសត្វព្រៃស្រែពក

ប្រជាពលរដ្ឋថា សកម្មភាពកាប់ឈើរានយកដីបាននិងកំពុងកើតមានយ៉ាងអាណាធិបតេយ្យនៅឃុំណងឃីលិកក្នុងដែនជំរកសត្វព្រៃស្រែពក

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្សដែនជម្រកសត្វស្ថិតក្នុងឃុំណងឃីលិកបានរាយការណ៍ថា សកម្មភាពកាប់ឈើដើម្បីឈូសឆាយរានយកដី កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងនិងអនាធិបតេយ្យបំផុត។ វាក្លាយ ទៅជាចរន្តនៃការកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃ ដើម្បីឈូសឆាយយកដី វាស់លក់យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរដែនដី មិនហ៊ានលូកដៃលូកជើងទេ ព្រោះវាជាដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ អ្នក ដឹងរឿងនិយាយថា វាជិតក្លាយជាជម្លោះធំផ្អើលខេត្ត មណ្ឌលគិរីហើយ។

ប្រជាពលរដ្ឋរស់នៅជិតខាងនៃតំបន់ដែលកំពុងរងនូវការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនិយាយថា សកម្មភាពកាប់ឈើដើម្បីឈូសឆាយយកដីបានកើត ឡើងតាំងពីអំឡុងរដូវប្រាំងមកម្ល៉េះ ដោយមានមន្ត្រីនៅដែនជម្រកសត្វព្រៃស្រែពកម្នាក់ជាអ្នកសម្របសម្រួល។ មានន័យថា មន្ត្រីម្នាក់នោះជាអ្នកបិទភ្នែក ឲ្យមានការកាប់ទន្ទ្រានយកដីនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឬថែមទាំងបានសន្យាថា មានដីកាប់ទន្ទ្រានរួចហើយស្រេចសម្រាប់លក់ឲ្យឈ្មួញ កណ្ដាលថែមទៀតផង។ មកដល់ពេលនេះឈ្មួញដែលបានផ្ដល់ប្រាក់ឲ្យមន្ត្រីម្នាក់នោះ មិនទាន់បានទទួលដីតាមការសន្យានៅឡើយ។

មន្ត្រីម្នាក់នោះគឺលោកញឹម វណ្ណៈ អនុប្រធានការិយា ល័យដែនជំរកសត្វព្រៃភ្នំព្រិច-លំផាត់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ របៀងដែនជម្រកសត្វព្រៃស្រែពក គ្របដណ្ដប់ស្ទើរតែទាំង ស្រុងនៃស្រុកកោះញែក និងមួយផ្នែកនៅស្រុកលំផាត់ខេត្តរតនគិរី។ នៅស្រុកកោះញែក ក្រៅពីមន្ត្រីអាជ្ញាធរដែនដី,កងកម្លាំងប្រដាប់អាវុធ..ប្រជាពលរដ្ឋសាមញ្ញទូទៅ..រួមទាំងជាងកាត់សក់ផង..នរណាក៏ដឹងថា លោកញឹម វណ្ណៈគឺជាជើងខ្លាំងក្នុងការឃុបឃិតឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយលក់ឲ្យឈ្មួញកណ្ដាលបន្តទៀត។

ប្រភពបន្ថែមថា ប្រហែលជាង១ខែមុន ឈ្មួញកណ្ដាលដែលប្រគល់ប្រាក់ឲ្យលោកញឹម វណ្ណៈ បានសួររកដីដើម្បីយកទៅលក់បន្ត។ ប៉ុន្តែរឿងនេះស្ថិតនៅដំណាក់ កាលសម្របសម្រួល ដែលលោកញឹម វណ្ណៈ ត្រូវគេរាយ ការណ៍ថា កំពុងសម្រុកឲ្យអ្នកទី៣កាប់ព្រៃឈូសឆាយដើម្បីបានដីប្រគល់ឲ្យឈ្មួញកណ្ដាលនោះហើយ។ ហេតុ ដូច្នេះហើយបានជាមួយរយៈចុងក្រោយនេះ គេឃើញមានសកម្មភាពនៃការឈូសឆាយកាប់បំផ្លាញព្រៃនៅឃុំណងឃីលិ បាននឹងកំពុងកើតមានយ៉ាងអាណាធិបតេយ្យ ក្រោមខ្សែភ្នែករបស់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរដែនដី ដែលនៅក្បែរៗនោះ។

អាជ្ញាធរដែនដីឃុំណងឃីលិ ក៏ដូចជាថ្នាក់ស្រុកកោះ ញែក មិនហ៊ានប្រតិកម្មចំពោះបញ្ហានេះទេ ពីព្រោះថាព្រៃដែលកំពុងរងនូវការកាត់បំផ្លាញ ស្ថិតក្នុងសមត្ថកិច្ចនៃដែនជម្រកសត្វព្រៃស្រែពក គ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ ដូច្នេះគេមិនអាចលូកដៃចូលបានឡើយ ហើយមិនតែប៉ុណ្ណោះមន្ត្រីកងកម្លាំងប្រដាប់អាវុធស្រុកខ្លះត្រូវគេរាយការណ៍ថា មានជាប់ជំពាក់ក្នុងបញ្ហានៃការឈូសឆាយដីព្រៃនេះផងដែរ។ ហើយអ្នកដែលទទួលខុសត្រូវក្នុងរឿងនេះមានតែលោកញឹម វណ្ណៈ និងលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប៉ុណ្ណោះ។

លោកឆៅ ប៊ុនធឿន ដូចតាមទម្លាប់ មិនលើកទូរសព្ទដើម្បីឆ្លើយបំភ្លឺជាមួយអ្នកកាសែតទេ។ យ៉ាងណាក៏ ដោយគេរំពឹងថា លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន នឹងចាត់វិធានការស្រាវជ្រាវករណីនេះ ពីព្រោះថា គល់ឈើទើបអារំលំថ្មីៗនេះទេ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *