ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្វាយបង្គំ ១ខ្នងនិងសមិទ្ធផលនានា ក្នុងពួកជំនុំចំការស្វាយ ស្រុកបាណន់
នាព្រឹកថ្ងៃអង្គា ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ លោកគ្រូ វាន់ សាវឿន និងលោកគ្រូ អ្នកគ្រូ បងប្អូនរួមជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្វាយបង្គំ ១ខ្នង មាន១បន្ទប់ និងសមិទ្ធផលនានា នៃពួកជំនុំភូមិចំការស្វាយ ស្ថិតនៅភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកគ្រូ វ៉ាន់ សាវឿន ជាអ្នកបម្រើព្រះក្នុងព័ន្ធកិច្ចLydia project ប្រចាំខេត្តបាត់ដំបង ។
អ្នកគ្រូឃុត ចាន់ឌី ជាអ្នកបម្រើព្រះប្រចាំពួកជំនុំភូមិចំការស្វាយ ស្រុកបាណន់ បានធ្វើសេចក្ដីរាយការណ៍ជូនអស់ លោក លោកគ្រូ អ្នកគ្រូ និងបងប្អូនរួមជំនឿក្នុង និងអង្គពិធីថាសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានចំណាយថវិកាចំនួន១២.៨២០ដុល្លារអាមេរិក។
អ្នកគ្រូបានបន្ថែមថាថវិកាទាំងនេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់គាត់ និងពួកជំនុំភូមិចំការស្វាយ ស្រុកបាណន់។
ក្នុងឱកាសនោះ លោកគ្រូ វ៉ាន់ សាវឿន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះក្រុមការងារ ពួកជំនុំភូមិចំការស្វាយក្នុងខិតខំងើបឈរដោយខ្លួនឯងក្នុងកិច្ចការងារបម្រើព័ន្ធកិច្ចថ្វាយព្រះកន្លងមក ទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការ ចូលរួមអភិវឌ្ឍទៅលើវិស័យគ្រិស្តចក្រ និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍពួកជំនុំក្នុង ស្រុកបាណន់។
សមិទ្ធផលថ្មីៗ ប្រកបដោយមោទកភាព បើទោះបីជាយើងត្រូវជួប ប្រទះបញ្ហាប្រឈមជាច្រើនក៏យើងនៅតែរួមគ្នាកសាងអណាចក្ររបស់ព្រះដរាបដល់ថ្ងៃដែលព្រះជាម្ចាស់ទ្រង់យាងមកលើកទី២។